វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម ខេត្តយូណានប្រទេសចិន បានបើវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកសិកម្ម ដល់អ្នកជំនាញបច្ចេកទេសកសិកម្ម និងមន្ត្រីកសិកម្ម​ ខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ២១ មិថុនា ២០១៩
252

ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម ខេត្តយូណាន ប្រទេសចិន បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំបើកសិក្ខាសាលា បណ្ដុះបណ្ដាលជំនាញបច្ចេកទេសកសិកម្ម ដល់អ្នកជំនាញបច្ចេកទេសកសិកម្ម និងមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម លី សារី អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ១៩-២៤ ខែ មិថុនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលដល់មន្ត្រីដែលជាអ្នកជំនាញនៅតាមបណ្ដាស្ថាប័នដែលធ្វើការងារពាក់ព័ន្ធនឹងការងារកសិកម្ម ហើយក៏ដើម្បីផ្សព្វផ្សាយពីបច្ចេកទេសថ្មីៗដែលវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម បានរកឃើញ។វគ្គបណ្ដុះបណ្ដាលនេះមានការរៀនសូត្រទាំងទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់ ដោយចុះទៅភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ដើម្បីឱ្យសិក្ខាកាមកាន់តែយល់ច្បាស់ថែមទៀត។ បន្ទាប់ពីបញ្ចប់វគ្គ នៅក្នុងវគ្គនេះមានអ្នកចូលរួមជាច្រើនស្ថាប័នរួមមាន មន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន២៦នាក់, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យមានជ័យចំនួន ១០នាក់, កងពលតូចថ្មើរជើងលេខ៥១ ចំនួន១០នាក់,រដ្ឋបាលស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ ចំនួន២នាក់ក្នុង១ស្រុក និងទីចាត់ការអភិវឌ្ឍន៍ធនធានមនុស្ស ចំនួន១នាក់ សរុបរួមមានសិក្ខាកាមចូលរួម ៥០នាក់ ស្រី១៤នាក់៕

ចំនួនអ្នកចូលទស្សនា
Flag Counter