រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានចុះពិនិត្យតាមដានលើការងារបង្កបង្កើនផល និងបញ្ហាចំបាច់ចំពោះមុខរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ២២ កក្កដា ២០១៩
348

           រសៀលថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ និងការចូលរួមសហការណ៍ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងថ្នាក់ដឹកនាំការិយាល័យជំនាញ ទាំងនៅក្រោមដំណក់ភ្លៀងស្រិចៗ ដើម្បីពិនិត្យតាមដានលើការងារបង្កបង្កើនផល និងបញ្ហាចំបាច់ចំពោះមុខរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងក្រុមការងារបានចុះទៅកាន់កន្លែងចិញ្ចឹមទាយកស៊ុតរបស់កសិករ លោក ចាប ប៊ុនហម ដែលកំពុងចិញ្ចឹមទាសរុប ៥០,០០០ក្បាល ដែលក្នុង១ថ្ងៃ អាចផ្តល់ស៊ុតប្រមាណ ៣០,០០០ គ្រាប់ (តម្លៃ ៣៩០៛/គ្រាប់) ស្ថិតនៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។ បន្ថែមពីនេះទៀតឯកឧត្តមរដ្ឋមន្ត្រីបានចុះពីនិត្យមើលស្ថានភាពគ្រោះរាំងស្ងួត ដែលបានបង្កជាបញ្ហាធ្ងន់ធ្ងរដល់កសិករដែលកំពុងដាំដំណាំស្រូវ រាប់ពាន់ហិចតា នៅខេត្តបន្ទាយមានជ័យនេះ ដែលធ្វើឱ្យស្រូវក្រៀមស្វិត ទោះបីជាមានដំណក់ភ្លៀងធ្លាក់មកខ្លះក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់ធ្វើឱ្យដំណាំស្រូវងើបពីភាពក្រៀមស្វិតនៅលើដីស្រែហុយត្រលោមបានឡើយ។ នៅក្នុងបញ្ហាជាក់ស្ដែងនេះកសិករបានសូមសំណូមពរស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូរពីការជួយបង្វែរទឹកពីតំបន់ណាមួយមកស្រោចស្រព បញ្ចុះតម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត ហើយគិិតគូរយ៉ាងណាដើម្បីដោះស្រាយពីបញ្ហារាំងស្ងួតនេះផងឱ្យបានឆាប់រហ័សទាន់ពេលវេលា បើភ្លៀងនៅតែមិនបន្ដធ្លាក់ទៀតនោះនឹងស្លាប់ទាំងអស់គ្មានសល់។ ចំពោះកសិករចិញ្ចឹមទាយកស៊ុតវិញគាត់ក៏មានសំណូមពរដែរ គឺសូមឱ្យរដ្ឋាភិបាលកាត់បន្ថយការនេាំចូលស៊ុតទាពីក្រៅប្រទេស ហើយសូមឱ្យប្រជាជនខ្មែរទូទៅជួយគាំទ្រផលិតផលគាត់ក៏ដូចជាផលិតផលក្នុងស្រុកផង ដើម្បីកាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ព្រោះក្នុងកសិដ្ឋានរបស់គាត់មានកម្មករចំនួន ១៥នាក់ដែរ បើគាត់លក់មិនដាច់កម្មករក៏គ្មានការងារធ្វើយកប្រាក់ផ្គត់ផ្គង់គ្រួសារដែរ។ នៅក្នុងដំណើរពិនិត្យមើលស្ថានភាពផ្ទាល់នៅក្រោមដំណក់ភ្លៀងស្រិចៗរបស់ឯកឧត្តមរដ្ឋមន្ត្រី មិនមែនតែនៅក្នុងខេត្តបន្ទាយមានជ័យនេះទេ គឺឯកឧត្តមបានពិនិត្យរួចមកហើយនៅខេត្តពោធិ៍សាត់ បាត់ដំបង នឹងបន្ដទៅកាន់ខេត្តសៀមបន្ដទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter