នាព្រឹក ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយក្រុមហ៊ុនស៊ីភីកម្ពុជាបានរៀបចំ «ពិធីពិសារសាច់ជ្រូកសុវត្ថិភាព» នៅបរិវេណចំណតរថយន្ត ខាងមុខផ្សារចំការគរ (ផ្សារថ្មី) តាមបណ្តោយផ្លូវជាតិលេខ ៥៦ ដោយមានចូលរួម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមួយ ម្ចាស់សត្តឃាតដ្ឋាន បងប្អូនជាអាជីវករ ប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុង ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ សមាសភាពដែលបានផ្តល់ជាកិត្តិយសចូលរួមមានដូចខាងក្រោម៖
-ឯកឧត្តម, លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាល រងខេត្ត
-តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត
-តំណាងស្នងការនគរបាលខេត្ត
-តំណាងកងរាជអាវុធហត្ថខេត្ត
-អស់លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត
-លោកអភិបាលក្រុងសិរីសោភ័ណ និងមន្រ្តី
-ថ្នាក់ដឹកនាំការិយាល័យកសិកម្មស្រុក/ក្រុងទាំង ០៩
-មន្រ្តីរាជការ និងប្រជាពលរដ្ឋជុំវិញខេត្ត ប្រមាណជាង ៣០០ នាក់ ។
បន្ទាប់ពីចប់កម្មវិធីពិសារសាច់ជ្រូកសុវត្ថិភាព ឯកឧត្តមអភិបាលខេត្ត បន្តចុះពិនិត្យ និងសាកសួរសុខទុក្ខបងប្អូនអាជីវករនៅតាមកន្លែងតាំងលក់សាច់សត្វ និងផលិតផលសត្វ នឹងបានបន្តអំពាវនាវឳ្យប្រជាពលរដ្ឋ សូមចូលរួមពិសារសាច់ជ្រូកជាបន្ត ស្របតាមខ្លឹមសារអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ កន្លងទៅ ។