នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយនឹងគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុ អេ.អឹម.ខេ AMK បានរៀបចំសិក្ខាសាលាកម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គង់ផលលិតផលកសិកម្ម និងវឌ្ឍនភាព នៃកម្មវិធីទូរស័ព្ទដៃទន្លេសាប នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោកស្រី រិទ្ធ សុខា នាយិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្តបន្ទាយមានជ័យ និងលោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ។ អ្នកចូលរួមជាសមាជិកសមាជិការមានអង្គការជាតិ និងអន្ដរជាតិ, មន្ត្រីនៃមន្ទីរកសិកម្មខេត្ត, លោកគ្រូអ្នកគ្រូអ្នកទទួលជាអ្នកបណ្ដុះបណ្ដាលកសិកម្ម, តំណាងដេប៉ូលក់ជី ថ្នាំកសិកម្ម លក់គ្រាប់ពូជ ផ្ទះសំណាញ់, អាជីវករ, សិប្បករ លក់ឬចែកចាយម៉ាស៊ីនគ្រឿងយន្ដកសិកម្ម, ម្ចាស់ចំការ អ្នកដាំបន្លែ ម្ចាស់កសិដ្ឋាន អ្នកផ្គត់ផ្គង់ និងទទួលទិញកសិផល កសិករដំាដុះគំរូឬជោគជ័យ កសិករចិញ្ចឹមសត្វគំរូឬជោគជ័យ តំណាងក្រុមបណ្ដុំកសិកម្មក្នុងតំបន់ និងតំណាងក្រុមហ៊ុនកសិកម្មនានាជុំវិញខេត្ត ដែលមានអ្នកចូលរួមសរុប ៨០នាក់ ស្រី១៣នាក់ ។
វគ្គសិក្ខាសាលានេះ ជួយដល់កសិករឱ្យមានភាពងាយស្រួល ដល់ការលក់ផលិតផល និងអាចមានទំនាក់ទំនង ដោយផ្គាល់ទៅកាន់អតិថិជនរបស់ខ្លួន ដែលនេះជាការរួមចំណែកជម្រុញទីផ្សារកសិកម្ម ដល់ប្រជាកសិករនិង តួអង្គនានានៃខែ្សរច្រវាក់ផ្គត់ផ្គង់កសិកម្ម និងផ្ដល់អត្ថប្រយោជន៍ កាន់តែប្រសើរជាមុនដូចជា៖
១. ទទួលបាននូវចំណេះដឹង និងបច្ចេកទេសកសិកម្មនានា រួមមានការដាំដុះដំណាំ ការចិញ្ចឹមសត្វ....។
២. ទទួលបាននូវគន្លឹះនៃការដាំដំណាំ ឬចិញ្ចឹមសត្វ ជាពិសេសទទួលបានការប្រឹក្សា យោបល់ពីអ្នកជំនាញកសិកម្ម ដើម្បីដោះស្រាយបញ្ហានានាដែលកសិករបានជួបប្រទះ។
៣. ងារយស្រួលក្នុងការស្វែងរកសម្ភារៈកសិកម្ម ក្រុមហ៊ុន ឬដេប៉ូផ្គត់ផ្គង់សម្ភារកសិកម្ម ព្រមទាំងឈ្មួញទិញផលិត ផល កសិកម្ម។
៤. ទទួលបាននូវការចែករម្លែកបទពិសោធន៍ពីសំណាក់កសិករជោគជ័យនានា
៥. ទទួលបានព័ត៌មានថ្មីៗដែលពាក់ព័ន្ធនឹងតម្លៃផលិតផលកសិកម្មនានា
៦. អាចកត់ត្រាព័ត៌មានទាក់ទងនឹងកសិដ្ឋានផ្ទាល់ខ្លួននៅលើកម្មវិធីទូរស័ព្ទដៃ៕