នាព្រឹក ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម, ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម, ប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្ត្រី ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ បានអញ្ជើញចុះពិនិត្យស្ថានភាព និងផលិតភាពការដាំដុះដំណាំបន្លែ នៅសហគមន៍បន្លែបៃតងពង្រ កងវ៉ា លើបណ្តុំ អាជីវកម្មដំណាំបន្លែ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ សហគមន៍បន្លែបៃតងពង្រ កងវ៉ាមានផ្ទៃដីដាំដុះសរុបចំនួន ២៧,៥០ ហិកតា ដែលអាចដាំដុះ បន្លែគ្រប់ប្រភេទពេញមួយឆ្នាំ និងមានអ្នកដាំដុះសរុបចំនួនប្រមាណ៥៥ គ្រួសារ ដោយបានធ្វើការដាំដុះដំណាំរួមមាន៖
1. ដំណាំពោតផ្អែម លើផ្ទៃដីចំនួន ១៥ ហិកតា
2. ត្រឡាចលើផ្ទៃដីចំនួន ២,៥០ ហិកតា
3. ត្រសក់ទ្រើងលើផ្ទៃដីចំនួន ២,៣២ ហិកតា
4. ស្ពៃលើផ្ទៃដីចំនួន ៤ ហិកតា
5. ត្រប់ស្រួយ និងត្រប់វែងលើផ្ទៃដីចំនួន ១ ហិកតា
6. ប៉េងប៉ោះលើផ្ទៃដីចំនួន ០,៥ ហិកតា
7. ននោងជ្រុងលើផ្ទៃដីចំនួន ០,៥ ហិកតា
8. ល្ពៅលើផ្ទៃដីចំនួន ០,៥ ហិកតា
9. និងល្ហុងលើផ្ទៃដីចំនួន ១ ហិកតា ការចុះពិនិត្យសហគមន៍នេះ ដោយលោកប្រធានបានពិភាក្សានិងផ្តល់ការណែនាំ នូវបច្ចេកទេសបន្ថែម ដល់កសិករ និងចំនុចខ្វះខាតផ្សេងៗ បន្ថែមទៀតផងដែរ។ លើសពីនេះលោកប្រធានក៏បានពិភាក្សានូវមូលនិធិកម្ចីដោយគ្មានការប្រាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ផងដែរ ប្រសិនបើសមាជិក សហគមន៍ត្រូវការ ធ្វើយ៉ាងណាដើម្បីជម្រុញផលិតភាពក្នុងការផលិតបន្លែឲ្យអស់សក្តានុពលក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ក្នុងដំណាក់កាលការរីករាលដាលជម្ងឺ COVID-19 នេះ និងទៅអនាគត។