លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញស្តីពី លទ្ធភាពនៃការផ្តល់ឥណទានដែលដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់........
ចេញ​ផ្សាយ ០១ ឧសភា ២០២០
283

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែពិសាខ ឆ្នំាជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នំា២០២០ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញ ស្តីពី លទ្ធភាពនៃការផ្តល់ឥណទានដែលដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិកដល់កសិករចញ្ចឹមត្រី មាន់ ទា ដាំដុះបន្លែ និងដល់ក្រុម សិប្បកម្ម សហគ្រាស ធុន តូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផល កសិកម្ម វិស័យកសិ-ឧស្សាហកម្ម សរុបប្រមាណជាង៣០០នាក់។ក្រោមឣធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម ឡាយ គឹមលី ជំនួយការឧបនាយករដ្ឋមន្ត្រី កែ គឹមយាន, ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ឣ៊ុ រាត្រី ឣភិបាលខេត្ត, និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ អគ្គនាយកដ្ឋានកសិកម្មនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ, ថ្នាក់ដឹកនាំគ្រប់អង្គភាព, អស់លោក-លោកស្រី, ប្រធានមន្ទីរកសិកម្មខេត្ត, គ្រប់ភាគី និងដៃគូរសហការ អភិវឌ្ឍន៍ក្នុងខេត្ត ដែល មានឣ្នកចូលរួមសរុប ២២៨ នាក់ (ស្រ្តី ៦២នាក់) នៅសាលាខេត្តបន្ទាយមានជ័យ ។ តាមរយៈបទបង្ហាញរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបានឱ្យដឹងថាសហគមន៍ កសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យសរុបមានចំនួន៤១ សហគមន៍ ដែលមានសមាជិកសរុបចំនួន ៤៦៦៨នាក់ និងមានការ បែងចែកជាបណ្តុំអាជីវកម្មដាំបន្លែ និងផ្លែឈើមាន សមាជិក ៣៣១គ្រួសារ វារីវប្បកម្មភ្ញាស់ចញ្ចឹមត្រីមាននិងកង្កែប មានចំនួនសរុប៤៤២គ្រួសារ អាជីវកម្មចញ្ចឹម សត្វមាន ចំនួន២៣៥គ្រួសារ។ បន្ថែមលើនេះ ដោយមាន ការយកចិត្តទុក ដាក់ ពី ឯកឧត្តម នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលថ្នាក់ខេត្តបន្ទាយមានជ័យ បានរៀបចំក្រុមការងារចំនួន ៣ក្រុមដើម្បីចុះជួយដល់ប្រជាកសិករ ដោយក្នុងនោះមានក្រុមទី១. ចុះត្រួតពិនិត្យអាងទឹក និងជំរុញការធ្វើកសិកម្ម និងចញ្ចឹមសត្វ ក្រុមទី២. ទទួលបន្ទុកលើមូលនិធិ របស់ ឯកឧត្តម ឧត្តមសនីយ៍ឯក កែ គឹមយាន ឧបនាយករដ្ឋមន្ត្រី ដើម្បីគាំទ្រលើផលិតកម្មកសិកម្មរបស់ប្រជាកសិករ និងក្រុមទី៣. ទទួលបន្ទុកជំរុញ ទីផ្សារផ្នែកផលិតកម្មកសិកម្មរបស់ប្រជាកសិករ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើបទ បង្ហាញខ្លីអំពី តួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ផ្ដល់ឥណទាន ដែល មានការប្រាក់ទាប ដើម្បីគាំទ្រ ដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម ក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងស្ថានភាពដែល រាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩។ ឯកឧត្តម កៅ ថាច ក៏បានលើកឡើងអំពីការកំណត់ លក្ខខណ្ឌតម្រូវ មួយចំនួន ដល់ម្ចាស់សហគ្រាស និង/ឬកសិដ្ឋានគោលដៅ ដើម្បីអាចទទួលបានឥណទានដែលមានអត្រាការប្រាក់ទាប ៦ ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦,៥ភាគរយ ប្រចំាឆ្នាំសម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្មរួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជា ចាំបាច់នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិលនិង/ឬទុនវិនិយោគសម្រាប់ពង្រីកអាជីវកម្ម។ ឥណទានក្រោមកម្មវិធី ពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មអាចផ្តល់ជូនរហូតដល់ ៨០ ភាគរយនៃតម្លៃទ្រព្យធានាបំណុលដែលជាអចលទ្រព្យ ហើយការ ទទួលយកទ្រព្យធានាបំណុលក៏ មានភាពបត់បែនច្រើន ដោយទទួលយក ឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ)ផងដែរ។ បន្ថែមលើនេះ ក្រៅពីឥណទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានផលិត ផលឥណទានផ្សេងៗ ដែលមានអត្រា ការប្រាក់ ទាបសមរម្យផងដែរ ហើយឯកឧត្តម កៅ ថាច ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលមានបំណងចង់បានឥណទាន អាចពិចារណា ធ្វើការស្នើសុំបាន។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានជួយសម្របសម្រួល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាបក្រោមកម្មវិធីពិសេសរបស់ រាជរដ្ឋាភិបាល ជាពិសេសដល់កសិករចញ្ចឹមត្រី មាន់ ទា ដាំដុះបន្លែ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្មវិស័យ កសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ប្រចាំខេត្តបន្ទាយមានជ័យនេះ។ បន្ទាប់ពីបទបង្ហាញរបស់ឯកឧត្តម កៅ ថាច ក៏បានអនុញ្ញាតឱ្យមានវេទិកាសំនួរចំលើយរវាងបងប្អូន ប្រជាកសិករ តំណាងសហគម និងតំណាងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្មផងដែរ។ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យ ស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៧០៦ ៦៣៦៕

ចំនួនអ្នកចូលទស្សនា
Flag Counter