នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២០ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមជាមួយនិងសហការី បានអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចុះពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., Ltd.) ស្ថិតក្នុងស្រុកម៉ាឡៃ។ នាឱកាសនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម គឹង វណ្ណ: និងឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។ រៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបលោក តឹក សុភក្តិ នាយកចាត់ការទូទៅ បានឱ្យដឹងថាក្រុមហ៊ុននេះ ជាសហគ្រាសឯកបុគ្គលទទួល ខុសត្រូវមានកម្រិត ដែលមានដើមទុនចុះបញ្ជីចំនួន ១ ៥០០ ០០០ ដុល្លារអាមេរិក នៅក្រសួងពាណិជ្ជកម្ម និងជាក្រុមហ៊ុនវិនិយោគមួយបានបង្កើតដោយ ក្រុមហ៊ុន Paper Tree Holding Co., Ltd. នៅខេត្ត Prachinburi ប្រទេសថៃតំណាងដោយលោក Surasak Boonnitipat ពាណិជ្ជករសញ្ជាតិថៃ។ ក្រុមហ៊ុននេះមានកម្មវត្ថុវិនិយោគបង្កើត កសិដ្ឋាន បណ្តុះកូនឈើ និងដាំឈើឧស្សាហកម្ម (ដើមប្រេងខ្យល់) និងសាងសង់រោងចក្រកែច្នៃឈើពាក់កណ្តាលសម្រេច ដើម្បីយកចំណិតឈើទៅផលិតជាក្រដាស និងជាថាមពលនៅ ប្រទេសថៃ។ ដើម្បីគាំទ្រ និងលើកទឹកចិត្តក្នុងការប្រើប្រាស់ កែច្នៃវត្ថុធាតុដើមជាឈើដាំក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់ការដាំឈើជាចម្ការលក្ខណៈគ្រួសារ តាមរយៈ ផលិតកម្មតាមកិច្ចសន្យា (រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមូលដ្ឋាន) ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឱ្យពង្រីកការដាំឈើលើផ្ទៃដីដែលមានស្រាប់ និងធ្វើ កិច្ចសន្យាដាំជាមួយក្រុមហ៊ុនក្នុងស្រុក ជាមួយកសិករ ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អនុញ្ញាតឲ្យក្រុមហ៊ុនបង្កើតរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) ០១កន្លែងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (ប្រកាសលេខ ១០១ប្រក.កសក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ និងប្រកាសលេខ ១១១ប្រក.កសក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០)។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រកែច្នៃ ឬផលិតក្រដាស់នៅកម្ពុជាតែម្តង ប្រសើរជាងដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃ។ ចំពោះការងារបច្ចេកទេសទាក់ទងការដាំ និងបង្កាត់ ក្រុមហ៊ុនត្រូវសហការជាមួយ រដ្ឋបាល ព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន៖ បច្ចុប្បន្នរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) នេះមាន ០១ខ្សែចង្វាក់ផលិតកម្មកែច្នៃប្រភេទធំ ដែលមានសមត្ថភាពផលិត (ការចិញ្ច្រាំឈើមូលដើមប្រេងខ្យល់) ពី ១៥-២០តានក្នុង១ម៉ាង ដែលដំណើរការពី៦-៨ម៉ោង/ថ្ងៃ (ថ្ងៃការងារមានចំនួន២០-២៤ថ្ងៃ/ខែ មានអត្រាកែច្នៃស្មើ ៨០% (ក្នុងនោះអត្រាបាត់បង់លើសំបកចំនួន ១៨% និងអាចម៍រណា ចំនួន ២%)។ ក្រុមហ៊ុនមានចម្ការឈើដើមប្រេងខ្យល់ (ពូជបង្កាត់ K7) ចំនួន ០៤កន្លែង (ក្នុងខេត្តបន្ទាយមានជ័យ ០២កន្លែង បាត់ដំបង០១កន្លែង និងប៉ៃលិន ០១កន្លែង) លើផ្ទៃដីសរុបទំហំ ១ ០៥៦ហត។ ឆ្នាំ២០១៧-២០១៨ ក្រុមហ៊ុនបានដាំកូនឈើសរុបចំនួន ២ ៣៤៤ ៥៦៤ដើម។ បច្ចុប្បន្នក្រុមហ៊ុនបានកាប់ប្រមូលពីចម្ការឈើដាំខាងលើមួយចំនួន និងទទួលទិញ ពីប្រជាពលរដ្ឋពីបណ្តាខេត្តនានា (ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ តាកែវ និងខេត្តកំពត) ដឹកមកកាន់រោងម៉ាស៊ីន កែច្នៃឈើរបស់ខ្លួននូវបរិមាណសរុបចំនួន ៩ ៧៦៥តោន ភាគច្រើនដើមឈើប្រេងខ្យល់ K7។ ក្រុមហ៊ុនមានដើមប្រេងខ្យល់សម្រាប់ផ្គត់ផ្គង់រោងចក្រកែច្នៃនេះបានមកពីចម្ការឈើដាំ (ផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអង្គភាពនៃកងយោធពលខេមរភូមិន្ទ) ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុន ទទួលបានគោលការណ៍អនុញ្ញាតឲ្យនាំចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៥០ ០០០ តោន ឆ្នាំ ២០២០-២០២១ ហើយក្រុមហ៊ុនកំពុងបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណនាំចេញផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៤ ០០០ តោន ទៅកាន់ ប្រទេសថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ។