១. ក្រុមការងារ ASPIRE នៃខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ភ្នំស្រុក និង ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំពិធី ផ្តល់ការគាំទ្រសម្ភារៈ និងធាតុចូលកសិកម្ម ដល់បណ្ដុំអាជីវកម្ម ចិញ្ចឹមមាន់សាច់ ក្នុងសហគមន៍ព្រៃឈើកូនខ្លែង ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារស្រុកភ្នំស្រុក ដែលមានការអញ្ជើញចូលរួម ពី លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី, លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត , ក្រុមប្រឹក្សាឃុំ ប៉ោយចារ, មន្រ្តីរដ្ឋបាលព្រៃឈើ កសិករជាសមាជិកបណ្តុំសរុបចូលរួមចំនួន ៤៧នាក់ (ស្រី៥) ។ ការផ្តល់ទុនគាំទ្រនេះ ជាការរួមចំណែក ក្នុងការគាំទ្រ ដល់ផែនការអាជីវកម្មរបស់ សមាជិកម្នាក់ ដើម្បីជួយជម្រុញផលិតកម្មចិញ្ចឹមមាន់យកសាច់ ស្របតាមបច្ចេកទេស និងបន្សាុំ ទៅនឹង ការប្រែប្រួលអាកាសធាតុ ។ សម្ភារៈដែលផ្តល់ជូនរួមមាន ស្នូកទឹក, ស្នូកចំណី និងចំណីផ្សំស្រាច់សម្រាប់ កូនមាន់ ។
២. ក្រុមការងារ ASPIRE នៃការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អូរជ្រៅ និង ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំទិវាបង្ហាញពីបច្ចេកទេស ចិញ្ចឹមមាន់ នៃបណ្ដុំអាជីវកម្មមាន់របស់កម្មវិធី ASPIRE នៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលមានការអញ្ជើញចូលរួមពី មន្ត្រីជំនាញការិយាល័យ និងសមាជិកបណ្តុំ និងក្រៅបណ្តុំ សរុប ៤៣ នាក់ (ស្រី ១៧)។ គោលបំណងសំខាន់នៃការរៀបចំនេះ គឺ បង្ហាញពីលទ្ធផលអនុវត្តកន្លងមក ព្រមទាំងរំលឹកពី បច្ចេកទេសសំខាន់ៗ ដោយកសិករជាអ្នកអនុវត្តផ្ទាល់ ចែករំលែកបទពិសោធន៍ការអនុវត្តកន្លងមក ជាដើម ។
៣. ក្រុមការងារ ASPIRE នៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម (កញ្ញា ភឹម សំណាង) រួមជាមួយ លោក ភាវ រ័ត្ន ប្រធាន និងមន្ត្រី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មង្គលបូរី បានចុះតាមដាន ការដាំដុះដំណាំបន្លែរបស់កសិករបង្ហាញក្នុងផ្ទះសំណាញ់ និងកសិករក្នុងបណ្ដុំ នៅ ឃុំភ្នំតូច ស្រុកមង្គលបូរី និងពិភាក្សាជាមួយកសិករពីការជ្រើសរើសទីតាំងសម្រាប់សង់រោងវេចខ្ចប់ និងរោងដាក់សម្ភារៈ។