ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) និង លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel) ។ សិក្ខាសាលានេះផងដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE លោក ម៉េង ស័ក្កភូសិដ្ឋ តំណាង IFAD និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីអនុវត្តកម្មវិធីទាំង ២៤ខេត្តក្រុង និងអ្នកពាក់ព័ន្ធសរុបចំនួន ៧៣នាក់ ក្នុងនោះស្រ្តីចំនួន១៧នាក់។
គោលបំណងនៃសិក្ខាសាលានេះគឺ៖
(១) បង្ហាញពីលទ្ធផលដែលសម្រេចបាន បន្ទាប់ពីការអនុវត្តកម្មវិធីតាមសមាសធាតុទាំង៤
(២) ការពិនិត្យលើការបញ្ចប់គម្រោងត្រូវបានអនុវត្តរួមគ្នារវាងIFAD និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃរាជរដ្ឋាភិបាលកម្ពុជា
(៣) រាយការណ៍អំពីលទ្ធផលសម្រេចបានពីការអនុវត្តកម្មវិធី ស្តីពីគណនេយ្យភាព និងបទពិសោធន៍
(៤) ឆ្លុះបញ្ចាំងអំពីលទ្ធផលសម្រេចបាន ដកស្រង់មេរៀន/បទពិសោធន៍ និងកំណត់យុទ្ធសាស្ត្រសមស្របដើម្បីបន្តសកម្មភាព ក្រោយពីកម្មវិធីត្រូវបានបញ្ចប់
(៥) សំណួរ ចម្លើយ។
ក្រោយសិក្ខាសាលាត្រូវបានបញ្ចប់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE បានថ្លែងអំណរគុណដល់ក្រុមការងារបេសកកម្ម IFAD ក្រុមការងារទទួលបន្ទុកកម្មវិធីទាំងមូល ដែលបានខិតខំប្រឹងប្រែងគ្រប់ភារកិច្ចការងាររាល់សកម្មភាព ការអនុវត្តកន្លងមក ដែលធ្វើឱ្យកម្មវិធី ASPIRE ទទួលបានភាពជោគជ័យ និងលទ្ធផលល្អ ដែលសមត្ថផលទាំងអស់នេះ បានធ្វើឱ្យកសិករខ្នាតតូចនៅប្រទេសកម្ពុជាទទួលបានបច្ចេកទេសថ្មីៗជាច្រើន ទាំងចំណេះដឹង ចំណេះធ្វើ ទីផ្សារ ទៅលើវិស័យកសិកម្ម និងមានការរីកចម្រើននៅកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម