នាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំពិធី ចុះកិច្ចសន្យាស្ដីពី ការទិញ-លក់មាន់ស្រែសាច់ ក្នុងបណ្ដុំអាជីវកម្មកម្មវិធីASPIRE ក្នុងគោលបំណង បង្កើនប្រសិទ្ធភាពក្នុងការទិញលក់មាន់ស្រែ ប្រកបដោយតម្លៃទីផ្សារសមរម្យ និងជាក់លាក់ ដោយមានការដឹងឮ ពីអាជ្ញាធរមូលដ្ឋាន និង ដើម្បីរួមចំណែកបង្កើនជីវភាពគ្រួសាររបស់ប្រជាកសិករតាមរយៈការចិញ្ចឹមមាន់ស្រែតាមរយៈកិច្ចសន្យាផលិតកម្ម។ ពិធីចុះកិច្ចសន្យានេះ មានការអញ្ជើញចូលរួមជាអធិបតីដោយលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត លោក ទូច សីហា អភិបាលរងនៃគណអភិបាលស្រុកអូរជ្រៅ និងមានការអញ្ជើញចូលរួមទាំងមន្ត្រីរាជការនៃមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងកសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន២បណ្ដុំ គឺបណ្ដុំអាជីកម្មភូមិវាំងមួង និងបណ្ដុំអាជីកម្មភូមិគុត្តសត សរុបអ្នកចូលរួម ៣២នាក់ ស្រី ១២នាក់ នៅសាលាឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃកិច្ចសន្យាទិញ-លក់មាន់ស្រែសាច់ រួមមាន៖
-រយៈពេលនៃកិច្ចសន្យា៖ ចាប់ពីថ្ងៃទី០១ វិច្ឆិកា ២០២២ ដល់ ៣១ ធ្នូ ២០២២ (មានបន្ដកិច្ចសន្យាទៀត)
-ទំហំនៃកិច្ចសន្យា៖ ៧៥០ គ.ក./១ខែ ឬ ២៥គ.ក./១ថ្ងៃ ក្នុង១បណ្ដុំអាជីវកម្ម
-លក្ខណៈរបស់មាន់៖ ប្រភេទមាន់ស្រែរស់, ស្បែកស្អាតនិងជើងព័ណ៌លឿង, រោចដុះពេញខ្លួនស្អាតល្អ និងមិនមានជំងឺ។
-ខ្នាតនិងរយៈពេល៖ មាន់អាយុពី ៣ខែ ទៅ៤ខែ និងមានទំងន់ ១.២គ.ក ទៅ ១.៦គ.ក ក្នុង ១ក្បាល
-តម្លៃ៖ ១៤០០០៛/១គ.ក.។
-ចំណូលប៉ាន់ស្មានសរុប៖ ១០,៥០០,០០០ ៛/១ខែ ឬ ៣៥០,០០០៛./១ថ្ងៃ ក្នុង១បណ្ដុំអាជីវកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម