ថ្ងៃ ពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី ដែលមាន លោកអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រី ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យ គ្រឿងយន្តកសិកម្ម សហការជាមួយ អាជ្ញាធរ ភូមិ និង ឃុំ ចំណោម និង សហគមន៍កសិករឆ្លាតវៃ រួមជាមួយ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ វគ្គបណ្តុះបណ្តាល និងធ្វើបង្ហាញស្តីពី ឧបករណ៍ព្រោះស្រូវ “អង្គរ” ដល់សហគមន៍កសិកម្ម នៅខេត្តបន្ទាយមានជ័យ ប្រមាណ ៥០ នាក់ មកពីសហគមន៍កសិកម្ម នានាក្នុងខេត្ត ដែលរៀបចំនៅ ចំនុចប្រឡាយព្រែក ស្ថិតក្នុងឃុំ ចំណោម ស្រុកមង្គបូរី ។ ជាកិច្ចចាប់ផ្តើមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ បានមានប្រសាសន៍ សំណេះសំណាល និង សួរសុខទុក្ខ បងប្អូនប្រជាកសិករ ដែលជាថ្នាក់ដឹកនាំ សមាជិក សហគមន៍កសិកម្ម មកពី ស្រុកស្វាយចេក, ថ្មពួក, ភ្នំស្រុក, ព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងមង្គលបូរី ព្រមទាំង បានបញ្ជាក់អំពី គោលបំណង នៃវគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ឧបករណ៍ព្រោះស្រូវ ដែលចំណាយពូជតិច (កាត់បន្ថយការ ចំណាយ) និងមានប្រសិទ្ធភាពខ្ពស់ (ការលូតលាស់ល្អ, ងាយស្រួលក្នុងការកំចាត់ស្មៅ...) ទទួលផលបានច្រើន ។ ជាមួយគ្នានេះផងដែរ លោកប្រធានបានធ្វើការណែនាំ ដល់កសិករពីការធ្វើស្រែបង្ហាញ បានផ្តល់បន្ថែម នូវបច្ចេកទេស ផលិតស្រូវដូចជា៖ ការជ្រើសរើសពូជ ការរៀបចំដី ការប្រើប្រាស់ជី ការថែទាំ ការប្រមូលផល និងទុកដាក់ ក្រោយពេលប្រមូលផល។ បន្ទាប់មក លោក ស ងួន ប្រធានសហគមន៍កសិកម្មឆ្លាតវៃ បានណែនាំអំពីរបៀប នៃការប្រើប្រាស់ ឧបករណ៍ព្រោះស្រូវ ទើបបានកែសម្រួលថ្មី ឆ្នាំ ២០២២ ដែលមានភាពងាយស្រួល និងមាន ប្រសិទ្ធភាពជាងមុន និងឧបករណ៍ស្ទូងស្រូវ ដែលទើបតែបង្កើតថ្មី ដោយសហគមន៍ ។ បន្ទាប់មក មានការចុះអនុវត្ត ផ្ទាល់ នៅលើស្រែ មានផ្ទៃដីចំនួន ១ ហិកតា ដោយឧបករណ៍ព្រោះស្រូវ “អង្គរ” ដែលអ្នកចូលរួមមានការពេញចិត្ត ព្រមទាំងសំណូមពរ ដល់សហគមន៍ជួយបណ្តុះបណ្តាលបន្ត នៅតាមសហគមន៍រៀងៗខ្លួនផង ។ គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តការណ៍នេះ ក៍មានការចូលរួមពី តំណាងរោងម៉ាស៊ីនកិនស្រូវ ដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី ផ្សព្វផ្សាយពី លក្ខខ័ណ្ឌនៃការប្រមូលទិញ និងកិច្ចសន្យាជាមួយ អ្នកផលិត ដែលអាចពិភាក្សាលម្អិត ក្នុងពេលឆាប់ៗ ខាងមុខ ។