ថ្ងៃអង្គារ -ពុធ ១៣ -១៤ កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ -០៧ ខែធ្នូ ឆ្នាំ២០២២ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ បានចូលរួម សិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពី ប្រព័ន្ធពូជដំណាំដំឡូងមី ក្នុងតំបន់ទន្លេមេគង្គក្រោម ដល់អ្នកពាក់ព័ន្ធ ដែលរៀបចំដោយ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ CIAT វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI, ACIAR ។ សិក្ខាសាលា មានគោលបំណង បង្ហាញអំពីលទ្ធផលនៃការអនុវត្តប្រព័ន្ធការផលិតពូជរហ័ស (Rapid Cassava Stem Multiplication Tunnel Technology),បង្ហាញពីតួនាទី នៃប្រព័ន្ធផលិតពូជ ក្នុងការពង្រីកពូជថ្មី ដែលធន់នឹងជម្ងឺ និងការបង្កេីនប្រាក់ចំណូល និងសម្របសម្រួលជាមួយម្ចាស់ជំនួយផ្សេងៗ ដែលមកពីស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នរដ្ឋ និងឯកជន រៀបចំផែនការផលិតជាក់លាក់ សម្រាប់ការនុវត្តបន្ត ក្នុងអនុវិស័យដំឡូងមី ។ សិក្ខាសាលា បានរៀបចំព្រឹត្តការណ៍ ចំនួន ២ គឺ ថ្ងៃទី ១ បាន រៀបចំ ទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំឡូងមីដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់ និងពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៉ិក (CMD) និង ជំងឺកញ្ចុំស្លឹក (CWBD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ខេត្ត កំពង់ចា ម និងថ្ងៃទី ២ រៀបចំនៅសណ្ឋាគារ ភ្នំពេញ ក្រោមអតិបតីភាពលោក គុយ ហួត អគ្គនាយករង និងជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ។ តំណាងចូលរួមក្នុងសិក្ខាសាលា រួមមានលោកនាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៌កសិកម្មកម្ពុជា និងតំណាងអញ្ជេីញមកពីស្ថាប័នពាក់ព័ន្ធរួមមាន មន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង បាត់ដំបង ប៉ៃលិន ព្រះវិហារ កំពង់ធំ និងបន្ទាយមានជ័យ អង្គការ CIAT, GIZ, ស្ថាប័នស្រាវជ្រាវមកពី ប្រទេសវៀតណាម និងប្រទេសឡាវ មាន HLARC and AGI NAFRI អាជីវករ ប្រមូលទិញដំឡូងមី និង កសិករដាំដំឡូងមីមកពីខេត្តបាត់ដំបង ឧត្តមានជ័យ កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ សរុបចំនួន ៥២ រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម