ព្រឹកថ្ងៃអង្គារ ទី ៣១ ខែ មករា ឆ្នាំ ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មានរៀបចំពិធី សំណេះសំណាលរបស់ប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអមដំណើរដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ សហគមន៍កសិកម្ម ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម ខេត្ត ដែលមានអ្នកចូលរួមសរុប ៦៩ នាក់ (ស្រី ១៦ ) ។ បន្ទាប់ពី លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្មខេត្ត មានមតិស្វាគមន៍ និងរាយការណ៍អំពី ស្ថានភាពបុគ្គលិក និងមន្ត្រីរាជការក្នុងមន្ទីរ ព្រមទាំងលទ្ធផល សម្រេចបានការងារប្រចាំឆ្នាំ រួចមក ឯកឧត្តម ប្រធានប្រតិភូ បានមានប្រសាសន៍អំពី ការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី និងជម្រាបជូនពី ការងារដែលត្រូវផ្តោតសំខាន់សម្រាប់ពេលខាងមុខ រួមមាន ការងារស្រូវអង្ករ, ការងារសហគមន៍កសិកម្ម, សហគមន៍នេសាទ, សហគមន៍ព្រៃឈើ និង ការរៀបចំគម្រោងផលិតជីកំប៉ុស្តិ៍ ដែលបានមកពី កសិដ្ឋានចិញ្ចឹមសត្វ ដើម្បីប្រើប្រាស់ ក្នុងការកាត់បន្ថយការចំណាយ លើការប្រើប្រាស់ជីគីមី ដែលមានតម្លៃថ្លៃ ។ ឯកឧត្តមក៍បានជម្រាបជូនផងដែរអំពី ផែនការជាយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍន៍ វិស័យកសិកម្ម ក្នុងអណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសេវាកម្មថ្នាក់ក្រោមជាតិ ពង្រឹងសហគមន៍ដែលមានស្រាប់ ពង្រឹងគុណភាពផលិតផលកសិកម្ម និងកាត់បន្ថយថ្លៃដើមផលិតផងដែរ ។ កិច្ចសំណេះសំណាលប្រព្រឹត្តទៅ ដោយភាពរលូន និងស្ថិតក្នុងភាពស្និទ្ធស្នាលបំផុត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម